ដំណាំធម្មជាតិក្បែរផ្ទះជួយសុខភាពល្អ និងរកចំណូលប្រចាំថ្ងៃ ដំណាំរបស់ប្រជាពលរដ្ឋដាំក្នុងផើងនៅក្បែរៗផ្ទះរបស់គាត់។
បន្លែផ្សេងៗដែលលក់នៅតាមទីផ្សារសព្វថ្ងៃ ភាគច្រើនសុទ្ធតែជាបន្លែដាំដោយប្រើប្រាស់សារធាតុគីមីពុល ពោលគឺពន្លឿនការលូតលាស់របស់ដំណាំ ឬការប្រើប្រាស់សារធាតុគីមីធ្វើឲ្យរីកមាឌជាដើម។ ទាំងនេះបានក្លាយជាកង្វល់មួយសម្រាប់ប្រជាពលរដ្ឋជាអ្នកបរិភោគ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រទេសកម្ពុជាត្រូវការបន្លែប្រមាណជា ៤០០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ។
ដោយសារតែតម្រូវការបន្លែទាំងនេះហើយ ទើបតម្រូវឲ្យកម្ពុជានាំចូលបន្លែពីក្រៅប្រទេស។ មិនថាតែបន្លែនាំចូល ឬបន្លែផលិតផ្ទាល់នៅក្នុងស្រុកនោះទេ ៥០%ជាបន្លែដែលមានសារធាតុគីមីពុល ធ្វើឲ្យពលរដ្ឋជាអ្នកបរិភោគ ខ្លាចរអារទទួលទាន ដោយបារម្ភពីសុខភាព។
ជាមួយនឹងកង្វល់ជាច្រើនទាំងនេះ ប្រជាពលរដ្ឋបានងាកទៅរកការដាំបន្លែដោយខ្លួនឯងនៅក្បែរផ្ទះ សម្រាប់បរិភោគផ្ទាល់ខ្លួន និងលក់ដើម្បីបង្កើនចំណូលសម្រាប់ក្រុមគ្រួសារ។
អ្នកស្រី សុខ អេងលី រស់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិយាយថា៖ «ចង់ដាំបន្លែខ្លួនឯង ព្រោះបើទិញរបស់គេៗនិយាយថា ដាក់គីមីដើម្បីទុកបានយូរ។ ពេលហូបទៅមិនឆ្ងាញ់ទេ ដូចជាត្រសក់អីតូចៗទេ តែពេលមកដល់ភ្នំពេញធំៗ។ នេះតែងឮគេនិយាយ ដល់ពេលអីចឹងមិនចង់ហូប ចង់ដាំបន្លែដោយខ្លួនឯង ដើម្បីមានសុខភាពល្អទាំងខ្ញុំ និងអ្នកហូប។ ហូបខ្លួនឯងខ្លះ និងបានលក់ខ្លះ»។
នេះមិនមែនជារឿងថ្មីសម្រាប់អ្នកស្រី សុខ អេងលី ក្នុងការដាំបន្លែដោយខ្លួនឯងទេ កន្លងមកអ្នកស្រីក៏បានដាំបន្លែនៅលើផ្ទៃដី ទំហំ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដោយស្ថិតនៅចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះ។ ប៉ុន្តែកង្វះការថែទាំ និងយកចិត្តទុកដាក់ ធ្វើឲ្យទិន្នផលមិនបានសមប្រកប តែទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីបានតស៊ូជាមួយការលំបាកមួយចំនួនដើម្បីពុះពារដាំបន្លែដោយខ្លួនឯង និងបានសិក្សាឈ្វេងយល់បន្ថែមពីអ្នកជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រីបានផ្លាស់ប្តូរមកដាំបន្លែបន្តិចបន្តួចនៅក្បែរផ្ទះ។
អ្នកស្រី សុខ អេងលី៖ «ខ្ញុំបានទៅកម្សាន្តនៅកន្លែងកម្សាន្តមួយ ទៅមើលកសិដ្ឋានគេនោះ ទោះបីជាដីពិបាកដាំបន្លែយ៉ាងណាក៏គេដាំបន្លែបានល្អដែរ»។
មិនខុសពីការងារផ្សេងៗនោះទេ នៅពេលចាប់ផ្តើមដំបូង អ្នកស្រីបានជួបប្រទះនឹងបញ្ហលំបាកមួយចំនួន ប៉ុន្តែអ្នកស្រីនៅតែបានបោះជំហានទៅមុខដោយការតស៊ូព្យាយាមរហូតទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ បញ្ហាលំបាកដែលអ្នកស្រី សុខ អេងលី បានជួបប្រទះនោះគឺ កត្តាសត្វល្អិតចង្រៃបំផ្លាញដំណាំ ធ្វើឲ្យម្ចាស់ចម្ការខាងលើ សឹងតែបោះបង់ចោលការដាំបន្លែទាំងនោះ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមួយរូបទៀត ដែរស្ថិតនៅសង្កាត់ក្បាលកោះ ដែលផ្លាស់ប្តូរពីទម្លាប់ទិញបន្លែពីផ្សារ មកដាំបន្លែដោយខ្លួនឯង ក៏បានជួបបញ្ហាលំបាកៗដូចគ្នាផងដែរ។ ការប្តេជ្ញាចិត្តធ្វើឲ្យ អ្នកស្រី លី មេសា បានទទួលលទ្ធផលជាវិជ្ជមាន។
អ្នកស្រី លី មេសាឲ្យដឹងថា៖ «ទោះបីជាយើងរស់នៅជាប់ទន្លេក៏ដោយ ក៏មិនបា្រកដថាដីល្អអាចដាំបន្លែបាននោះដែរ បើយើងខ្វះការតស៊ូ ដីឥដ្ឋដំមិនបែកផងនោះ។ ខ្ញុំគិតថាប្រហែលជាដាំមិនកើតទេមើលទៅ តែដោយសារខ្ញុំចេះតែដាក់ជីធម្មជាតិទៅ ក៏ទទួលបានផលល្អ»។
ទោះបីជាមានសត្វល្អិតបំផ្លាញដំណាំរបស់ អ្នកស្រី លី មេសា ក៏ដោយ គាត់អាចបង្កើតថ្នាំសម្លាប់សត្វល្អិត តាមបែបធម្មជាតិ ដោយមិនចំណាយលុយទៅទិញគេទេ។ ថ្នាំទាំងនោះផ្សំចេញពី មើមរមៀត សឹ្លកគ្រៃ ជាដើម។
បន្ទាប់ពីការដាំរយៈពេល១ខែពេញ ក្រៅពីទទួលបានបន្លែបរិភោគខ្លួនឯង ដំណាំបន្តិចបន្តួចក្បែរផ្ទះនេះអាចរកចំណូលប្រចាំគ្រួសារបានផងដែរ ដែលផ្តល់ផលឲ្យពួកគាត់ប្រមាណជា ២០០០០០ រៀលក្នុងមួយថ្ងៃ។ បទពិសោធរបស់ពួកគាត់ទាំងពីរនាក់ ធ្វើឲ្យគាត់សង្ឃឹមថាវាជាគំរូ និងជាការលើកទឹកចិត្តដល់កសិករផ្សេងទៀតនៅក្នុងភូមិ ក៏ដូចជានៅទូទាំងប្រទេស ឲ្យប្រើប្រាស់ដីទំនេរក្បែរផ្ទះ ដើម្បីដាំដំណាំ។
អ្នកស្រី លី មេសា ៖ «យើងមានដីទំនេរចឹង ខ្ញុំចង់ឲ្យនាំគ្នាដាំបន្លែគ្រប់ប្រភេទ ដែលទីតាំងណាក៏អាចដាំបាន មិនឲ្យចន្លោះដីចោលនោះទេ យើងអាចដាំបានទាំងអស់ ដូចជាត្រឡាច ននោង គ្រប់សព្វបែបយ៉ាង»។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។ ផលិតផលចម្បងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុប។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជានឹងជំរុញល្បឿននៃការដាំដុះបន្លែផ្លែឈើឲ្យបាន ៦ម៉ឺនតោន ក្នុង១ឆ្នាំ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងស្រុក ក៏ដូចជាកាត់បន្ថយការនាំចូលពីបរទេស។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ទៀតថា ដើម្បីសម្រេចគម្រោងនេះ រដ្ឋាភិបាលនឹងផ្ដល់ជាកញ្ចប់ថវិកាចំនួន ៣០លានដុល្លារ សម្រាប់មន្ទីរកសិកម្មគ្រប់ខេត្តអនុវត្ត។ លោកបន្ថែមថា រដ្ឋាភិបាលនឹងជួយផ្នែកបច្ចេកទេស និងប្រព័ន្ធធារាសាស្ត្រដល់ប្រជាកសិករ ដែលមានដីចម្ការធ្វើដោយគ្មានជាតិគីមី តាមរយៈកិច្ចសន្យាប្រមូលទិញ និងការចរចាតម្លៃគ្នា។ ដោយផ្អែកលើគម្រោងនេះ កម្ពុជាសង្ឃឹមថានឹងអាចកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ។
បច្ចុប្បន្ន កម្ពុជាបាននាំចូលបន្លែចម្រុះពីក្រៅប្រទេសចំនួន ២០០តោន ទៅជាង ៤០០តោន ក្នុង១ថ្ងៃៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ ក្នុងតម្លៃជាង ២០០លានដុល្លារ ក្នុង១ឆ្នាំៗ៕
អត្ថបទដោយ ៖ ផល សុផានិត
ប្រភពដើម ៖ https://khmer.rvasia.org
No comments:
Post a Comment