ស្វែង​យល់​ពី​ការ​ដាំដុះ​ដំណាំ​ និង​ចិញ្ចឹម​សត្វ​



ចង់​ដឹង​អំពី​​វិធី​ដាំដុះ​ដំណាំ​បែប​​ធម្មជាតិ ទៅ​លេង​​ផ្ទះ​កសិដ្ឋាន​​ឯ​កំពង់ឆ្នាំង​នេះ​ឯង!

កំពង់ឆ្នាំង៖ នៅ​រីសត​ផ្ទះ​កសិដ្ឋាន​ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ​នៃ​ទឹក​ដី​កំពង់ឆ្នាំង ភ្ញៀវ​​មិន​ត្រឹមតែ​​អាច​ទទួល​បាន​នូវ​សេវាកម្ម​​ស្នាក់នៅ​ក្នុង​ផ្ទះ​ឈើ​បុរាណ​ និង​ទទួល​អាហារ​ស្រស់ៗ​ផលិត​ចេញ​ពី​កសិដ្ឋាន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ទស្សនា​ និង​ស្វែង​យល់​ពី​ការ​ដាំដុះ​ដំណាំ​ និង​ចិញ្ចឹម​សត្វ​ផង​ដែរ​។

ផ្ទះ​កសិដ្ឋាន​បាន​ប្រើប្រាស់​ដី​ជាង ១០ ​​ហិកតា លើ​ផ្ទៃ​ដី​កសិកម្ម​ ២០ ​ហិកតា ​​ដើម្បី​ដាំ​ដំណាំ​បន្លែ​បង្ការ​ជាង ៣០ ​​ប្រភេទ​ ចាប់​ពី​បន្លែ​ស្លឹក ជីរ ដើម ផ្កា ផ្លែ​ និង​មើម​ថែម​ទៀត​ ស្រះ​ចិញ្ចឹម​ត្រី និង​មាន់​ជាដើម​។

លោក ស៊ី សុវ៉ាត ជា​អ្នក​គ្រប់គ្រង​នៅ​ផ្ទះ​​កសិដ្ឋាន​នៃ​អង្គការ​តុកកែ​ញញឹម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «យើង​បែងចែក​តំបន់​ជា ៣ ​ផ្នែក​ធំៗ ដូចជា កន្លែង​បណ្ដុះ​ កន្លែង​ដំណាំ​ បិទ​ជិត និង​ដំណាំ​កណ្ដាល​វាល»។

លោក​ថា​៖ «​ក្នុង​វិស័យ​កសិកម្ម យើង​​ធ្វើ​ការ​ជាមួយ​ជីវិត ដែល​មិន​ងាយ​ស្រួល​ប៉ុន្មាន​ក្នុង​ការ​ដាំដុះ និង​ថែទាំ​ជីវិត​ឡើយ​។ បើ​ចាប់​ផ្ដើម​មក​មិន​ល្អ ពួក​វា​អាច​ងាប់​ពាក់​កណ្ដាល​ដែរ​»។

ដោយ​ចាប់​ផ្ដើម​​​រយៈពេល ៤ ​ឆ្នាំ និង​កំពុង​ត្រូវ​បាន​ពង្រីក​បន្ថែម​ឱ្យ​កាន់​តែ​ធំ​​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ខ្ពស់​ ​ដើម្បី​ឱ្យ​ដំណាំ​មាន​ទិន្នផល​ល្អ លោក សុវ៉ាត បាន​​ផ្ដោត​លើ​កត្ដា​មួយ​ចំនួន។

លោក​ សុវ៉ាត បាន​រៀបរាប់​លម្អិត​អំពី​វិធី​ដាំដុះ​ចំពោះ​អ្នក​ស្រឡាញ់​កសិកម្ម​បែប​ធម្មជាតិ​ថា ទី​១ កសិករ​​​មើល​ទៅ​លើ​ដី​ ដែល​មាន​ធាតុ​ផ្សំ​ទាំង​ជីរ និង​ការ​បំប៉ន​។ ទី២ វា​ទាក់ទង​នឹង​កត្ដា​ទឹក ដែល​ទាមទារ​កសិករ​ត្រូវ​ដឹង​ថា ដំណាំ​ប្រភេទ​ណា​ត្រូវ​ការ​ទឹក​ច្រើន និង​ដំណាំ​ណា​ត្រូវ​ការ​ទឹក​តិច​។

បុរស​វ័យ ៣២ ​ឆ្នាំ ដែល​ខិតខំ​សង្គ្រោះ​ដី​ធ្លាប់​តែ​ជា​ខ្សាច់​ខ្សោះ​ជីវជាតិ​រូប​នេះ​បាន​បន្ដ​ថា មួយ​ទៀត គឺ​សារធាតុ​ចិញ្ចឹម​​ទាក់ទង​នឹង​ដី​ទៀត​ថា តើ​វា​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​កម្រិត​ណា​ ទៅ​តាម​ប្រភេទ​ដី និង​ប្រភេទ​ដំណាំ​។ ចុង​ក្រោយ គឺ​ជា​ការ​គ្រប់គ្រង​កត្ដា​ចង្រៃ (IPM) រួម​ទាំង​ការ​គ្រប់គ្រង​សត្វ​ល្អិត និង​ជំងឺ​ផ្សេងៗ។

លោក​និយាយ​នៅ​ក្នុង​សួន​ផ្សាំ​កូន​រុក្ខជាតិ​​ថា​៖ «បញ្ហា​ជំងឺ​ដល់​ដំណាំ រួម​មាន ជំងឺ​ផ្សិត និង​ជំងឺ​បង្ក​ដោយ​វីរុស​។ ប៉ុន្ដែ​ជា​ទូទៅ ជំងឺ​វីរុស យើង​មិន​អាច​ព្យាបាល​វា​បាន​ទេ ដោយ​ការ​​ដក​ដំណាំ​នោះ​ចោល ហើយ​ជំងឺ​ផ្សិត យើង​អាច​បាញ់​ថ្នាំ​ទ្រូកូឌើម៉ា​ (trichoderma)។ យើង​ក៏​ប្រើប្រាស់​អន្ទាក់​មួយ​ចំនួន​ដូចជា អន្ទាក់​ក្រដាស​​ស្អិត និង​អន្ទាក់​ស្រាំង​ជាដើម​។

លោក​បញ្ជាក់​ថា៖ «​ជា​កសិកម្ម​សរីរាង្គ ការ​ប្រើប្រាស់​ថ្នាំ​​បាញ់​លើ​សត្វ​ល្អិត មិន​មែន​អាច​សម្លាប់​​ពួក​វា​បាន​នោះ​ទេ​។ ភាគ​ច្រើន ប្រសិទ្ធភាព​របស់​វា​ត្រឹម​បណ្ដេញ​សត្វ​ល្អិត​ចង្រៃ​។ នៅ​ទីតាំង​ខ្លះ យើង​ដាំ​ផ្កា​មួយ​ចំនួន​ ដូចជា ស្បៃ​រឿង ឬ​ខ្ទឹម​ ដែល​អាច​បំភាយ​ក្លិន​បណ្ដេញ​សត្វ​ល្អិត​ផង​ដែរ​»។

ឆ្លើយ​នឹង​សំណួរ​ពី​សំណាក់​ភ្ញៀវ​ ដែល​មាន​បំណង​​ដាំ​ដំណាំ​បន្លែ​បន្ដិចបន្ដួច​ក្នុង​បរិវេណ​ផ្ទះ​អំពី​ការ​កម្ចាត់​សត្វ​ខ្យង​ល្អិតៗ ​ដែល​ស៊ី​កូន​រុក្ខជាតិ​ទើប​​ចាប់​ផ្ដើម​ដុះ​ អ្នក​គ្រប់គ្រង​ផ្ទះ​កសិដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ វិធី​សាមញ្ញ និង​ងាយ​ស្រួល ម្ចាស់​ដំណាំ​កាត់​កំប៉ុង​ រួច​កប់​ក្នុង​ដី​ប្រហែល​កន្លះ​តឹក និង​ឱ្យ​មាត់​លើ​ស្មើ​នឹង​ផ្ទៃ​របស់​ដី​។

លោក​ សុវ៉ាត ដែល​ត្រៀម​ខ្លួន​ឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​កសិកម្ម​បាន​និយាយ​ថា​៖ «​បន្ទាប់​មក​យើង​ចាក់​ទឹក​ស្រាបៀរ​ចូល​ត្រឹម​ពាក់​កណ្ដាល​នៃ​កំប៉ុង។ ​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ​នឹង​វារ​ចូល​ទឹក​ស្រាបៀរ និង​ងាប់​នៅ​ទីនោះ​»។

ចំណោម​ដំណាំ​ជា​ច្រើន​ប្រភេទ ភ្ញៀវ​​ដែល​ដើរ​ទស្សនា​សួន​បន្លែ​បៃតង​ស្រស់​ហាក់​ចាប់​អារម្មណ៍​នឹង​ចម្ការ​​វ៉ានីឡា​ ជា​ដំណាំ​ថ្មី​សន្លាង​មួយ​ប្រភេទ​របស់​ផ្ទះ​កសិដ្ឋាន​ ដែល​អ្នក​គ្រប់គ្រង​សួន​មាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធភាព​​នៃ​ការ​ផ្ដល់ផល​របស់​វា​។

ស្ថិត​ក្នុង​សួន​​​ដំណាំ​វ៉ានីឡា ដែល​កសិដ្ឋាន​ទើប​ចាប់​ផ្ដើម​ជិត ៤០ ​គុម្ព ​ក្នុង​រោង​បិទ​ជិត លោក សុវ៉ាត បាន​ឱ្យ​ដឹង​ថា ផ្លែ​របស់​វា​ដែល​ត្រូវ​បាន​ហាល​សម្ងួត​រួច និង​ចង​ជា​បាច់ៗ មាន​តម្លៃ​ចន្លោះ​ពី ៥០០ ទៅ ៧០០ ​ដុល្លារ ​ក្នុង ​១ ​គីឡូក្រាម អាស្រ័យ​លើ​ចំណាត់​ថ្នាក់​របស់​វា។

លោក​បាន​និយាយ​ថា​៖ «​វ៉ានីឡា អាច​ផ្ដល់​ផល​នៅ​ចន្លោះ​ពី ៤​ ទៅ ៥ ​ឆ្នាំ​ អាស្រ័យ​លើ​ការ​កាត់​ទង​ចាស់ ឬ​ក៏​ខ្ចី​​ផង​ដែរ​។ បើ​សំណាង​ល្អ ឆ្នាំ​ក្រោយ​ វា​នឹង​ចេញ​ផ្កា អាច​បាន​ផល​។ តែ​អត់​សំណាង​ទេ យើង​ត្រូវ​រង់ចាំ​បន្ដ​ទៀត​ ហើយ​គ្រាន់​តែ​ចន្លោះ​ពី​ការ​ចេញ​ផ្កា​ទៅ​ចេញ​ក្ដឹប​ ក៏​វា​ត្រូវ​ការ​ពេល​វេលា​ប្រមាណ ៩ ​ខែ​ឯណោះ​»។

លោក​អះអាង​ថា​៖ «វ៉ានីឡា មាន​លក្ខណៈ​ខុស​ប្លែក​ពី​រុក្ខជាតិ​ដទៃ​ត្រង់​ថា រុក្ខជាតិ​ទូទៅ​ត្រូវ​ការ​ឃ្មុំ​ជា​អ្នក​នាំ​លម្អង​កេស​ញី​ឈ្មោល​ តែ​ចំពោះ​​វ៉ានីឡា យើង​ត្រូវ​ប្រើ​ដៃ​ក្នុង​ការ​ផ្សាំ​កេស​ញី និង​កេស​ឈ្មោល»​។

ផ្ទះ​កសិដ្ឋាន​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមាន​ជ័យ ខេត្ដ​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៧០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ៕

ប្រភពដើម ​៖ https://khmer.rvasia.org
សម្រួលដោយ ​៖ រៀនដើម្បីធ្វើស្រែ
Share:

2 comments:

  1. ចូលចិត្តបន្លែធម្មជាតិ

    ReplyDelete
  2. អាចរស់បានយ៉ាងស្រួល អរគុណហើយ

    ReplyDelete